1. កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល និងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ
2. យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង
3. ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ និងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ
4. យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់
5. ក្រោយដែលបានឆ្លងកាត់សមុទ្រ ក្បែរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា
6. នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ
7. កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន
8. បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
9. លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា
10. អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង
11. ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ