13. នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ និងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ
14. ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានព្រះបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
15. ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានព្រះបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ
16. ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីនឹងតាំងអ្នក ឲ្យធ្វើជាអ្នកបំរើ ហើយជាទីបន្ទាល់ ពីអស់ទាំងការដែលអ្នកបានឃើញហើយ ព្រមទាំងការដែលខ្ញុំនឹងលេចមក ឲ្យអ្នកឃើញទៅមុខទៀត
17. ខ្ញុំបានញែកអ្នកចេញពីបណ្តាជន និងពីពួកសាសន៍ដទៃ ដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញ
18. ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ
19. ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ
20. គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមក ឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម និងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង
21. ដោយហេតុនោះបានជាពួកសាសន៍យូដា ចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមនឹងសំឡាប់ទូលបង្គំចោល
22. តែព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វី ឲ្យលើសពីសេចក្ដីដែលពួកហោរា និងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ
23. គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថាដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺ ដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង។
24. កំពុងដែលគាត់និយាយសេចក្ដីទាំងនោះ ដើម្បីដោះសារខ្លួន នោះលោកភេស្ទុសឡើងសំឡេងកាត់ថា ប៉ុលអើយ ឯងឆ្កួតទេ ឯងរៀនសូត្រជាច្រើនដល់ម៉្លេះ បានជាឆ្កួតហើយ
25. តែគាត់ប្រកែកថា ព្រះតេជព្រះគុណភេស្ទុសអើយ ខ្ញុំប្របាទមិនមែនឆ្កួតទេ ខ្ញុំប្របាទនិយាយចំពោះពាក្យពិត ហើយជានាទេតើ
26. ដ្បិតព្រះករុណាទ្រង់បានជ្រាបការទាំងនេះហើយ ខ្ញុំប្របាទក៏ទូលដល់ទ្រង់ដោយក្លាហានដែរ ព្រោះខ្ញុំប្របាទជឿប្រាកដថា ក្នុងការទាំងនេះគ្មានអ្វីលាក់កំបាំងនឹងទ្រង់ទេ ដ្បិតមិនមែនធ្វើនៅកៀនកោះឯណាឡើយ
27. បពិត្រព្រះរាជាអ័គ្រីប៉ាអើយ តើទ្រង់ជឿសេចក្ដីទំនាយរបស់ពួកហោរាឬទេ ទូលបង្គំដឹងថាទ្រង់ជឿហើយ
28. ស្តេចអ័គ្រីប៉ាក៏មានព្រះបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ
29. រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ។
30. នោះស្តេច ព្រមទាំងចៅហ្វាយស្រុក និងព្រះនាងបេរេនីស ហើយនឹងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង
31. កាលបានថយចេញផុតហើយ នោះក៏ពិភាក្សាគ្នាថា មនុស្សនេះមិនបានធ្វើអ្វីគួរនឹងស្លាប់ ឬនឹងជាប់ចំណងសោះ