2. ឯពួកសង្គ្រាជ និងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល
3. ហើយសូមអង្វរឲ្យលោកអនុញ្ញាតចាត់គេ ឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ ពីព្រោះគេមត់គ្នានឹងសំឡាប់គាត់តាមផ្លូវ
4. តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ
5. ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ
6. កាលបានស្នាក់នៅក្នុងទីក្រុងគេជាង១០ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើង លោកអង្គុយនៅទីជំនុំជំរះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក
7. លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន
8. តែគាត់ដោះសារខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រឹត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី
9. តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡិម ឲ្យអញជំនុំជំរះឯងពីដំណើរនេះឬទេ
10. នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ
11. បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ
12. ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។