4. តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច
5. ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយ៍នេះបះបោរឡើង
6. ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ
7. ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម
8. ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ
9. ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។
10. កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសាររឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ
11. ក៏អាចនឹងជ្រាបថា តាំងពីខ្ញុំប្របាទឡើងទៅថ្វាយបង្គំឯក្រុងយេរូសាឡិម នោះមិនលើសពី១២ថ្ងៃទេ
12. គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី
13. គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ
14. ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរពួកហោរា