កិច្ចការ 23:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិ‌ស៊ី​ជឿ​ថា មាន​វិញ

9. នោះ​កើត​មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិ‌ស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ

10. លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេច‌ខ្ទី​ទៅ។

11. នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

12. ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ

13. ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់

14. គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ

15. ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ និង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។

16. ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល

17. នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជំរាប​ថា សូម​នាំ​អ្នក​កំឡោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​លោក

18. អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក

កិច្ចការ 23