7. កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី និងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ
8. ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ
9. នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ
10. លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។
11. នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ។
12. ដល់ភ្លឺឡើង មានពួកសាសន៍យូដាខ្លះ រួមគំនិតគ្នាស្បថឡាក់ឡាំងថា មិនស៊ីមិនផឹកទាល់តែបានសំឡាប់ប៉ុលហើយ
13. ឯមនុស្សដែលបង្កើតឧបាយយ៉ាងនេះ មានជាង៤០នាក់
14. គេក៏ទៅជំរាបពួកសង្គ្រាជ និងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសំឡាប់ប៉ុលចេញ
15. ដូច្នេះ សូមឲ្យលោកទាំងឡាយ និងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។
16. ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹងពីការដែលឈ្លបលបនោះហើយ ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល
17. នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក
18. អ្នកនោះក៏នាំវាទៅឯលោកមេទ័ពធំជំរាបថា ប៉ុល ជាអ្នកទោសបានហៅខ្ញុំ ហើយសូមខ្ញុំឲ្យនាំអ្នកកំឡោះនេះមកឯលោក វាមានរឿងខ្លះចង់ជំរាបដល់លោក
19. មេទ័ពក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ
20. វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោក ឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង