កិច្ចការ 23:19-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. មេ​ទ័ព​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយ‌ឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ

20. វា​ជំរាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុម‌ជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង

21. ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ

22. នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។

23. លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ និង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា

24. ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅ‌ហ្វាយ​ខេត្ត ដោយ​សុខ​សាន្ត

25. លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្ដី​បែប​ដូច្នេះ​ថា

26. សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅ‌ហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប

27. មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ

28. ហើយ​ដែល​ខ្ញុំ​ចង​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុម‌ជំនុំ​របស់​គេ

29. ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ

30. កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។

កិច្ចការ 23