15. ដូច្នេះ សូមឲ្យលោកទាំងឡាយ និងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។
16. ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹងពីការដែលឈ្លបលបនោះហើយ ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល
17. នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក
18. អ្នកនោះក៏នាំវាទៅឯលោកមេទ័ពធំជំរាបថា ប៉ុល ជាអ្នកទោសបានហៅខ្ញុំ ហើយសូមខ្ញុំឲ្យនាំអ្នកកំឡោះនេះមកឯលោក វាមានរឿងខ្លះចង់ជំរាបដល់លោក
19. មេទ័ពក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ
20. វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោក ឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង
21. ដូច្នេះ សូមលោកកុំព្រមតាមគេឡើយ ដ្បិតមានពួកគេចំនួនជាង៤០នាក់ បានលបចាំគាត់តាមផ្លូវ គេបានស្បថថា មិនស៊ីមិនផឹកអ្វីឡើយ ទាល់តែបានសំឡាប់គាត់ចេញ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះទេ
22. នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់ដល់អ្នកណា ពីដំណើរដែលវាជំរាបលោកនោះឡើយ។
23. លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ និងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា
24. ហើយឲ្យមានជំនិះសំរាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោកភេលីច ជាចៅហ្វាយខេត្ត ដោយសុខសាន្ត
25. លោកក៏ធ្វើសំបុត្រ១ច្បាប់ មានសេចក្ដីបែបដូច្នេះថា
26. សំបុត្រក្លូឌាស-លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោកចៅហ្វាយភេលីច ដ៏ជាធំ សូមទានជ្រាប
27. មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ
28. ហើយដែលខ្ញុំចងដឹង ពីហេតុអ្វីបានជាគេចោទប្រកាន់វា នោះខ្ញុំបាននាំចុះទៅនៅមុខក្រុមជំនុំរបស់គេ