21. ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង
22. ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ
23. ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ
24. ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោរសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្ដីដែលគេឮនិយាយពីបងនោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រឹត្យវិន័យដែរ
25. ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្ដីទាំងនោះទេ ត្រូវប្រយ័ត្នតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម និងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្ដីកំផិតប៉ុណ្ណោះ
26. នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។
27. កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា
28. នែ អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ ឲ្យទាស់នឹងសាសន៍យើង និងក្រឹត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះ បាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង
29. ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង
30. នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម
31. តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម
32. លោកក៏យកទាហាន និងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក និងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល
33. លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចស៊ើបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ
34. តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ
35. លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង
36. ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។
37. កាលគេរៀបនឹងនាំប៉ុលចូលទៅក្នុងបន្ទាយ នោះគាត់និយាយទៅមេទ័ពធំថា តើលោកបើកឲ្យខ្ញុំជំរាបបន្តិចបានឬទេ លោកសួរថា ឯងចេះនិយាយភាសាក្រេកដែរឬ
38. ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីហោរស្ថានទេឬអី
39. តែប៉ុលឆ្លើយតបថា ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន