10. លុះយើងបាននៅទីនោះជាយូរថ្ងៃ នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក
11. លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ
12. កាលឮដូច្នោះ នោះយើង និងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡើងទៅឯក្រុងយេរូសាឡិមឡើយ
13. តែគាត់ឆ្លើយថា ហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ
14. នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។
15. លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម
16. ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង។
17. គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ
18. ថ្ងៃស្អែកឡើង ប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ
19. កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនីមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់
20. គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រឹត្យវិន័យទាំងអស់គ្នា
21. ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង
22. ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ