10. តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ
11. កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ
12. គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។
13. ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ
14. កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន
15. ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ូស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត
16. ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។
17. ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក
18. លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង
19. គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ
20. ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង
21. ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា
22. ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ
23. ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង និងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ
24. ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ