5. រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ
6. កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្ដីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងតែអធិប្បាយ
7. គេមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី
8. ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ
9. គឺជាសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
10. ព្រមទាំងស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ហើយពួកអ្នកស្រុករ៉ូម ដែលស្នាក់នៅទីនេះ ទោះទាំងសាសន៍យូដា និងអ្នកចូលសាសន៍ផង
11. ហើយសាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន
12. អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ព្រមទាំងវល់ក្នុងចិត្ត ក៏សួរគ្នាទៅវិញទៅមកថា តើការនេះដូចម្តេចហ្ន៎
13. តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះស្រវឹងស្រាថ្មីទេ។
14. នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេងនិយាយទៅគេថា ឱពួកសាសន៍យូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ
15. ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ
16. នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា
17. «ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗ របស់ឯងរាល់គ្នានឹងយល់សប្តិ
18. នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ
19. អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ និងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង
20. ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់
21. នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»
22. ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នាដោយការឫទ្ធិបារមី ការអស្ចារ្យ និងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ
23. ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង