30. ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក
31. គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ
32. ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា
33. ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់
34. ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែ លោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ
35. ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង»
36. ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។
37. កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច
38. ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ
39. ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ
40. គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះរួចពីពូជដំណវៀចនេះ
41. នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។
42. អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្ដីអធិស្ឋានផង
43. គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ
44. ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា
45. គេក៏លក់ទ្រព្យសម្បត្តិ និងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ
46. រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់
47. ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត។