9. លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ
10. គាត់ធ្វើដូច្នោះ អស់២ឆ្នាំ ដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង
11. ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល
12. ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែង ឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចចេញពីមនុស្សដែរ។
13. រីឯមានមនុស្សសាសន៍យូដាខ្លះ ជាគ្រូមន្តអាគម ដែលដើរចុះឡើង គេក៏ចាប់តាំងអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ពីលើមនុស្សដែលមានអារក្សអសោចចូលថា អញបង្គាប់ឯង ដោយនូវព្រះយេស៊ូវ ដែលប៉ុលប្រកាសប្រាប់នោះ
14. ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា
15. តែអារក្សអសោចឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯងរាល់គ្នា តើជាអ្នកណាវិញ
16. រួចមនុស្សដែលមានអារក្សអសោចចូលក៏ស្ទុះទៅលើគេ ទាំងបង្គ្រប ហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាត ហើយមានរបួសផង
17. ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង
18. មានមនុស្សជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសំដែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង
19. ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗ នោះក៏មានច្រើននាក់ បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល
20. គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច។
21. ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថា កាលណាបានដើរកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
22. គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។
23. នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ