27. ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី និងលោកីយ៍ទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ
28. កាលគេឮសេចក្ដីនោះហើយ គេក៏មានពេញដោយសេចក្ដីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស
29. នោះក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុស និងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹងប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ
30. ឯប៉ុលគាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ
31. ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ
32. ឯបណ្តាជន ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះ កំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង
33. ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស
34. កាលគេបានដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជា២ម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស
35. កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ