1. កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា
2. ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ គេឆ្លើយថាយើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង
3. គាត់សួរគេទៀតថា ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី គេឆ្លើយថា គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ
4. រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ
5. កាលបានឮដូច្នោះហើយ នោះគេក៏ទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវវិញ
6. រួចប៉ុលដាក់ដៃលើគេ ហើយព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើគេ នោះគេចាប់តាំងនិយាយភាសាដទៃ ហើយអធិប្បាយផង
7. ពួកអ្នកទាំងនោះមានគ្នាប្រហែលជា១២នាក់។
8. ប៉ុលក៏ចូលទៅអធិប្បាយ ក្នុងសាលាប្រជុំ ដោយក្លាហាន ហើយក្នុងរវាង៣ខែ គាត់ចេះតែជជែកពន្យល់ ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្ដីពីនគរព្រះ
9. លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ
10. គាត់ធ្វើដូច្នោះ អស់២ឆ្នាំ ដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង