កិច្ចការ 17:7-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ

8. មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តា‌ជន និង​ចៅ‌ហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ

9. រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន និង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។

10. ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល និង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា

11. រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូ‌នីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ

12. ដូច្នេះ មាន​ពួក​គេ និង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​បាន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ

13. តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូ‌នីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តា‌ជន​នៅ​ទី​នោះ​ទៀត

14. ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស និង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ

15. ឯ​ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅ​ឯ​ក្រុង​អាថែន​វិញ រួច​កាល​គេ​ទទួល​ពាក្យ ដែល​គាត់​ផ្តាំ​ទៅ​ស៊ីឡាស និង​ធីម៉ូថេ ឲ្យ​គេ​មក​ជួប​នឹង​គាត់​ជា​ប្រញាប់ នោះ​គេ​នាំ​គ្នា​ត្រឡប់​វិល​ទៅ​វិញ។

16. កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ

17. ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា និង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ជួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ

18. តែ​មាន​ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីក

19. គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ

20. ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ

21. រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។

22. ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់

23. ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង

24. ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ៍ និង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ

25. ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក

កិច្ចការ 17