កិច្ចការ 17:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូ‌នីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា

2. ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក

3. ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នោះ​ហើយ

4. ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល និង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង​តែ​ថ្វាយ‌បង្គំ​ព្រះ និង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ

5. តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល និង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តា‌ជន

6. លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន និង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅ‌ហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ

7. ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ

8. មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តា‌ជន និង​ចៅ‌ហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ

9. រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន និង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។

10. ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល និង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា

11. រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូ‌នីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ

កិច្ចការ 17