13. ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗ ដែលប្រជុំគ្នា
14. នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ
15. កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។
16. រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ
17. នាងដើរតាមប៉ុល និងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ
18. នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង
19. កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុល និងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល
20. រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់
21. គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ
22. ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់
23. ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័ត្នប្រយែង
24. មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង
25. លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ
26. នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ
27. កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ
28. ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ
29. មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល និងស៊ីឡាស ទាំងញាប់ញ័រ