កិច្ចការ 15:30-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ

31. លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ

32. ឯ​យូដាស និង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​ឡើង

33. កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ​សាន្ត

34. តែ​ស៊ីឡាស​គាត់​គាប់​ចិត្ត​នៅ​ទី​នោះ​ត​ទៅ​ទៀត

35. ឯ​ប៉ុល និង​បា‌ណា‌បាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់‌ទី‌យ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។

36. កាល​ក្រោយ​បន្តិច​ថ្ងៃ​មក នោះ​ប៉ុល​និយាយ​នឹង​បា‌ណា‌បាស​ថា ចូរ​យើង​ត្រឡប់​ទៅ​សួរ​ពួក​បង​ប្អូន នៅ​អស់​ទាំង​ក្រុង ជា​ទី​ដែល​យើង​បាន​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ផង ដើម្បី​ឲ្យ​ដឹង​ពី​គេ​ថា​ជា​យ៉ាង​ដូច​ម្តេច

37. ឯ​បា‌ណា‌បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា​មួយ​ផង

38. តែ​ប៉ុល​មិន​ចូល​ចិត្ត​នឹង​យក​គាត់​ទៅ​ទេ ពី​ព្រោះ​ជាន់​មុន គាត់​បាន​ចាក​ចោល​គេ ពី​កាល​នៅ​ស្រុក​ប៉ាម‌ភីលា​ម្តង​ហើយ មិន​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ត​ទៅ​ឡើយ

39. ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស

40. តែ​ប៉ុល គាត់​រើស​យក​ស៊ីឡាស​វិញ ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​ជំនុំ​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់

41. នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

កិច្ចការ 15