កិច្ចការ 15:18-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គ្រប់​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក

19. ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ

20. គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

21. ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

22. នោះ​ពួក​សាវក និង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាណា‌បាស​១ និង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បា‌ណា‌បាស

23. គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប

24. ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

25. ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​នឹង​ប៉ុល ជា​សំឡាញ់​ស្ងួនភ្ងា​នៃ​យើង​ខ្ញុំ

26. ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

27. ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្ដី​នោះ​ឯង

28. ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ

29. គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ និង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។

30. កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ

31. លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ

32. ឯ​យូដាស និង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​ឡើង

33. កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ​សាន្ត

34. តែ​ស៊ីឡាស​គាត់​គាប់​ចិត្ត​នៅ​ទី​នោះ​ត​ទៅ​ទៀត

35. ឯ​ប៉ុល និង​បា‌ណា‌បាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់‌ទី‌យ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។

កិច្ចការ 15