1. មានមនុស្សខ្លះចុះពីស្រុកយូដា មកបង្រៀនដល់ពួកជំនុំថា បើមិនបានកាត់ស្បែក តាមទំលាប់របស់លោកម៉ូសេ នោះពុំអាចនឹងបានសង្គ្រោះឡើយ
2. ដូច្នេះ កាលប៉ុល និងបាណាបាសបានជជែកនឹងគេ ហើយមានសេចក្ដីដេញដោលគ្នាជាខ្លាំងរួចហើយ នោះពួកជំនុំបានដំរូវឲ្យប៉ុល និងបាណាបាស ព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេ ឡើងទៅឯពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះ
3. ដូច្នេះ ពួកជំនុំក៏ចេញ ជូនដំណើរអ្នកទាំងនោះទៅ រួចគេដើរកាត់ស្រុកភេនីស និងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ គេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្ដីអំណរជាខ្លាំង
4. លុះដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំ ពួកសាវក និងពួកចាស់ទុំក៏រាក់ទាក់ទទួលគេ រួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ ដែលព្រះបានធ្វើដោយសារខ្លួន
5. នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេដែរ។
6. ពួកសាវក និងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ
7. លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា កាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ
8. នោះព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយទ្រង់ ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ
9. ទ្រង់មិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្ដីជំនឿជឿដែរ
10. ចុះហេតុអ្វីបានជាល្បងព្រះនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកឰយុកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង
11. យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ
12. ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស និងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសំគាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន