41. «នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។
42. កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួកសាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយ តាមសេចក្ដីទាំងនោះ នៅថ្ងៃឈប់សំរាកមួយក្រោយទៀត
43. កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៍យូដា និងពួកចូលសាសន៍ជាច្រើន ដែលមកថ្វាយបង្គំ គេដើរតាមប៉ុល និងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។
44. ដល់ថ្ងៃឈប់សំរាកក្រោយ នោះពួកអ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល
45. តែកាលពួកសាសន៍យូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្ដីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្ដី ដែលប៉ុលអធិប្បាយនោះ ទាំងជំនះ ហើយប្រមាថផង