2. កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលប្រាប់ថា ចូរញែកបាណាបាស និងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ
3. ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។
4. ឯអ្នកទាំង២នោះ ក៏ចុះទៅដល់សេលើស៊ា ដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ នៅទីនោះ គេចុះសំពៅចេញទៅឯកោះគីប្រុស
5. ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ
6. កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ
7. គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស និងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល
8. តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ
9. តែសុលដែលហៅថា ប៉ុលដែរ គាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏សំឡឹងមើលទៅគ្រូនោះ ដោយនិយាយថា
10. នែ មនុស្សដែលពេញដោយកិច្ចកល និងសេចក្ដីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្ដីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី
11. មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ
12. កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ផង។
13. ប៉ុល និងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ
14. តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក