16. លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ
17. ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា
18. ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ
19. ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត
20. ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល
21. នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ
22. កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក»
23. គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្ដីសន្យា គឺជាព្រះយេស៊ូវ
24. តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ
25. កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។
26. ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ និងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្ដីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា
27. ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្ដីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្ដីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់
28. ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ
29. ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្ដី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ
30. តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ
31. ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។
32. យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា
33. ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ»