3. លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំបុ័ងឥតដំបែរ)
4. កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុកដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង
5. ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត។
6. រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ
7. នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ
8. រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ
9. នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ
10. កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ
11. លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ
12. លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន
13. គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់
14. លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ