11. ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង
12. ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក
13. ហើយលោករ៉ាយរឿងប្រាប់យើង ពីដំណើរដែលឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា ចូរចាត់គេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុស ឲ្យមក
14. គាត់នឹងអធិប្បាយ ឲ្យលោកស្តាប់សេចក្ដី ដែលនឹងជួយសង្គ្រោះដល់លោក ព្រមទាំងពួកគ្រួលោកទាំងអស់ផង
15. កាលខ្ញុំចាប់តាំងនិយាយទៅនោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ
16. នោះខ្ញុំបាននឹកឃើញពីសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ»
17. ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន
18. កាលបានឮសេចក្ដីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎។
19. រីឯពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយ ដោយព្រោះសេចក្ដីបៀតបៀន ដែលកើតមកពីដំណើរស្ទេផាន នោះក៏ដើររៀងរហូតទៅដល់ស្រុកភេនីស ស្រុកគីប្រុស និងក្រុងអាន់ទីយ៉ូក តែបានផ្សាយព្រះបន្ទូល ដល់ចំពោះតែពួកសាសន៍យូដាប៉ុណ្ណោះទេ