1. ឯពួកសាវក និងពួកបងប្អូន ដែលនៅស្រុកយូដា គេក៏ឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលដែរ
2. រួចកាលពេត្រុសឡើងទៅឯក្រុងយេរូសាឡិម នោះអស់អ្នកខាងពួកកាត់ស្បែកគេមានសេចក្ដីប្រកាន់ចំពោះគាត់ថា
3. លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង
4. តែពេត្រុសចាប់ផ្តើមរ៉ាយរឿងប្រាប់គេ ដោយលំដាប់ថា
5. កំពុងដែលខ្ញុំអធិស្ឋាននៅក្រុងយ៉ុបប៉េ នោះខ្ញុំលង់ស្មារតីទៅ ឃើញការជាក់ស្តែង ជាប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ ចងទាំង៤ជ្រុង សំរូតចុះពីលើមេឃមកត្រឹមខ្ញុំ
6. កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ និងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង
7. រួចខ្ញុំឮសំឡេងមានព្រះបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ
8. តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ
9. ក៏មានឮសំឡេងពីលើមេឃនោះម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នកថាជាមិនស្អាតឡើយ
10. ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ
11. ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង
12. ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក