28. រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ
29. ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី
30. កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ
31. ប្រាប់ថា កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ
32. ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់
33. ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។
34. ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ
35. គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ
36. ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកជនជាតិអ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្ដីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់
37. នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង
38. គឺពីព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះចេស្តាឲ្យមកសណ្ឋិតលើទ្រង់ ហើយទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់
39. ឯយើងរាល់គ្នា ជាទីបន្ទាល់ពីអស់ទាំងការដែលទ្រង់ធ្វើ នៅក្នុងស្រុករបស់ពួកសាសន៍យូដា ហើយនៅក្រុងយេរូសាឡិម
40. គេបានធ្វើគុតទ្រង់ ដោយព្យួរនៅលើឈើ តែព្រះបានប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី៣ ព្រមទាំងអនុញ្ញាតឲ្យទ្រង់សំដែងមកឲ្យឃើញផង