11. ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។
12. បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ
13. តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្តីកំសោយខាងសាច់ឈាម
14. ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្តីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង
15. ដូច្នេះ សេចក្តីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន
16. ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្តីពិតឬអី
17. គេមានសេចក្តីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ
18. គួរឲ្យមានសេចក្តីសង្វាត ខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ
19. កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង
20. ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្តីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។
21. អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្តីដែលក្រឹត្យវិន័យថាទេឬអី
22. ដ្បិតមានសេចក្តីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា
23. តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយ១ដែលកើតពីអ្នកជា បានកើតតាមសេចក្តីសន្យាវិញ
24. នោះជាសេចក្តីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្តីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ
25. ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង
26. តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា
27. ដ្បិតមានសេចក្តីចែងទុកមកថា «ឱនាងអារ ដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង ឱនាងដែលមិនបានឈឺនឹងសំរាលអើយ ចូរធ្លាយសំរែកឡើងចុះ ពីព្រោះកូនរបស់នាងដែលគ្មានគូ នោះច្រើនជាងកូននៃនាងដែលមានប្ដីទៅហើយ»
28. តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្តីសន្យា ដូចជាលោកអ៊ីសាកដែរ
29. តែឥឡូវនេះ ក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូន ដែលកើតតាមព្រះវិញ្ញាណវិញ
30. តែគម្ពីរថាដូចម្តេច គឺថា «ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ»