1. ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ
2. ដ្បិតត្រូវនៅក្នុងអំណាចភីលៀង និងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន
3. ឯយើងរាល់គ្នាក៏ដូច្នោះដែរ កាលយើងនៅក្មេង
4. តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រឹត្យវិន័យ
5. ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម
6. ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ
7. ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ។
8. នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះពីកំណើតទេ
9. តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាបានត្រឡប់ ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ
10. អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ និងឆ្នាំផ្សេងៗ
11. ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។
12. បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ
13. តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្តីកំសោយខាងសាច់ឈាម
14. ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្តីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង
15. ដូច្នេះ សេចក្តីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន