1. ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្តីពិតវិញដូច្នេះ
2. ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ
3. តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ
4. តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន
5. ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្តីជំនឿវិញ
6. ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក
7. ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្តីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ