2. ក្នុងចំណោមអ្នកបម្រើរបស់ព្រះបាទសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។
3. ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្តែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្ដេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។
4. ស្ដេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។
5. ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។
6. កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកអោនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។
7. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នក ដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
8. លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
9. ពេលនោះ ស្ដេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្ស ឲ្យមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។
10. ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។