5. «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។
6. តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងព្រះពន្លា។
7. គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។
8. ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
9. យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។
10. យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន
11. ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ។ យើងឲ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឲ្យអ្នកមានសន្តតិវង្សមួយផង។
12. ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
13. គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
14. យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។