11. ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ។ យើងឲ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឲ្យអ្នកមានសន្តតិវង្សមួយផង។
12. ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
13. គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
14. យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
15. ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូលដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
16. ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
17. លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
18. ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងអំបូររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
19. ប៉ុន្តែ ព្រះជាអម្ចាស់អើយ ព្រះអង្គយល់ឃើញថា នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!
20. ឱព្រះជាអម្ចាស់អើយ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គទៀត បើទ្រង់ជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ យ៉ាងច្បាស់ហើយនោះ?