8. ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។
9. នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។
10. ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។
11. ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
12. មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។
13. នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយ មកថ្វាយជាយញ្ញបូជា។
14. ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
15. ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបរបស់ព្រះអម្ចាស់ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។
16. ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីព្រះបាទសូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
17. កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។