3. គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
4. គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។
5. ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
6. កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
7. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។
8. ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។
9. នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។
10. ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។
11. ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
12. មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។