17. កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
18. លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។
19. ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ទាំង ប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
20. ព្រះបាទដាវីឌវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់ព្រះរាជវង្ស។ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល ចេញមកទទួលស្ដេច ទាំងពោលថា៖ «ថ្ងៃនេះ ស្ដេចរបស់ជនជាតិអ៊ីស្រាអែលរុងរឿងណាស់! ព្រោះស្ដេចបង្ហាញខ្លួនទទេនៅមុខរាជបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។
21. ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់!