២ សាំយូ‌អែល 6:13-20 Khmer Standard Version (KHSV)

13. នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។

14. ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។

15. ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។

16. ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​ព្រះ‌បាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។

17. កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។

18. លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​រួច​ហើយ ព្រះ‌បាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

19. ព្រះ‌បាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ទាំង ប្រុស​ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំប៉័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

20. ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះ‌រាជ‌វង្ស។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល ចេញ​មក​ទទួល​ស្ដេច ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល‌ចរិត!»។

២ សាំយូ‌អែល 6