13. ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្ដេច។
14. នេះជាបញ្ជីរាយនាមបុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន សាឡូម៉ូន
15. យីបហារ អេលីសួ នេផេក យ៉ាភា
16. អេលីសាម៉ា អេលាដា និងអេលីផាលេត។
17. កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្ដេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចយាងទៅជ្រកក្នុងជម្រកមួយ។
18. ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផែម។
19. ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រ គល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។
20. ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
21. ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
22. ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។