3. ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុនបានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
4. សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
5. លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ព្រះបាទអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលនោះ ស្ដេចកំពុងតែផ្ទំ។
6. ពួកគេនាំគ្នាចូលទៅក្នុងដំណាក់ស្ដេច ធ្វើហាក់ដូចជាទៅយកស្រូវ ហើយចាក់ស្ដេចមួយកាំបិតត្រង់ពោះ។ បន្ទាប់មក លោករេកាប និងលោកបាណា ជាប្អូន ក៏នាំគ្នារត់ចេញទៅ។
7. មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលព្រះបាទអ៊ីសបូសែតកំពុងផ្ទំលើព្រះទែន ក្នុងក្រឡាបន្ទំ។ ពួកគេធ្វើគុតស្ដេច ហើយកាត់យកព្រះសិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។
8. ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់ បានសងសឹកព្រះបាទសូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។
9. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា
10. ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីព្រះបាទសូលសោយទិវង្គតនោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាឲ្យចាប់អ្នកនោះសម្លាប់ នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ!