5. បុត្រទីប្រាំមួយ ព្រះនាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្ដេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។
6. នៅគ្រាមានចំបាំងរវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សព្រះបាទសូល។
7. ព្រះបាទសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។
8. កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្តែងភក្ដីភាពចំពោះរាជវង្សព្រះបាទសូល ដែលជាបិតារបស់ព្រះករុណាចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។
9. ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅឲ្យព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ!
10. ដ្បិតព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសូល ហើយតែងតាំងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើអ៊ីស្រាអែល និងយូដា ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា»។
11. ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះទ្រង់ខ្លាចលោកអប៊ីនើរណាស់។
12. លោកអប៊ីនើរចាត់អ្នកនាំសារឲ្យចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។
13. ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។
14. បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្តាការ»។
15. ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។
16. លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
17. លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេច តាំងពីយូរណាស់មកហើយ។
18. ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។
19. លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។
20. លោកអប៊ីនើរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។
21. លោកអប៊ីនើរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
22. បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។