26. លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។
27. កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
28. ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
29. សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
30. លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅគីបៀន។
31. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់ រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។
32. គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។
33. បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអប៊ីនើរ ដូចតទៅ៖«អប៊ីនើរអើយ លោកមិនគួរស្លាប់ដូចមនុស្សលេលាបែបនេះសោះ!
34. ដៃរបស់លោកគ្មានជាប់ចំណងជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរតែលោកបានដួលស្លាប់ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។
35. បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំប៉័ង ឬអ្វីក៏ដោយ មុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។
36. ឃើញដូច្នេះ ប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលព្រះរាជាបានធ្វើដែរ។
37. នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
38. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រាអែលបាត់បង់វរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់!
39. ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំជាស្ដេចក្ដី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។