25. ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។
26. លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។
27. កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
28. ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
29. សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
30. លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅគីបៀន។
31. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់ រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។
32. គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។
33. បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអប៊ីនើរ ដូចតទៅ៖«អប៊ីនើរអើយ លោកមិនគួរស្លាប់ដូចមនុស្សលេលាបែបនេះសោះ!
34. ដៃរបស់លោកគ្មានជាប់ចំណងជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរតែលោកបានដួលស្លាប់ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។
35. បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំប៉័ង ឬអ្វីក៏ដោយ មុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។