14. បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្តាការ»។
15. ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។
16. លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
17. លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេច តាំងពីយូរណាស់មកហើយ។
18. ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។
19. លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។
20. លោកអប៊ីនើរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។
21. លោកអប៊ីនើរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
22. បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។
23. កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជម្រាបលោកថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរ បានចូលមកគាល់ព្រះរាជា ហើយស្ដេចអនុញ្ញាតឲ្យគាត់ចាកចេញទៅ ដោយសុខសាន្ត»។
24. លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អប៊ីនើរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតឲ្យគេចាកចេញទៅ ដោយស្រួល។
25. ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។
26. លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។
27. កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
28. ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
29. សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
30. លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅគីបៀន។