២ សាំយូ‌អែល 3:1-8 Khmer Standard Version (KHSV)

1. គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។

2. បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ច្រើន​អង្គ​បាន​ប្រសូត​នៅ​ក្រុង​ហេប្រូន គឺ​បុត្រ​ច្បង ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល

3. បុត្រ​ទី​ពីរ ព្រះ‌នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើមែល បុត្រ​ទី​បី ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេសួ‌រី

4. បុត្រ​ទី​បួន ព្រះ‌នាម​អដូនី‌យ៉ា ប្រសូត​ពី​នាង​ហាគីត បុត្រ​ទី​ប្រាំ ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល

5. បុត្រ​ទី​ប្រាំ​មួយ ព្រះ‌នាម​យីតរាម ប្រសូត​ពី​នាង​អេកឡា ដែល​ជា​មហេសី​របស់​ស្ដេច​ដែរ។ នេះ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន។

6. នៅ​គ្រា​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ព្រះ‌បាទ​សូល។

7. ព្រះ‌បាទ​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​បិតា​យើង?»។

8. កាល​ឮ​ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សម្តែង​ភក្ដី‌ភាព​ចំពោះ​រាជ‌វង្ស​ព្រះ‌បាទ​សូល ដែល​ជា​បិតា​របស់​ព្រះ‌ករុណា​ចំពោះ​បង‌ប្អូន និង​មិត្ត‌ភក្ដិ​របស់​ព្រះ‌ករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះ‌ករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

២ សាំយូ‌អែល 3