9. លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
10. ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11. នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖
12. «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។