3. លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។
4. ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗ ត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជា ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។
5. ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
6. បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកថាសធីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។
7. ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
8. ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។