2. ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ព នៅជាមួយស្ដេច ទ្រង់ក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។
3. លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។
4. ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗ ត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជា ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។
5. ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
6. បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកថាសធីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។
7. ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
8. ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
9. លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
10. ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11. នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖
12. «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។