11. នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖
12. «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
13. លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគកើតឡើងនៅក្នុងស្រុកអស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំឲ្យមក»។
14. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
15. ព្រះអម្ចាស់បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។
16. កាលទេវតាលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតា ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
17. កាលព្រះបាទដាវីឌឃើញទេវតាប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។
18. នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។
19. ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។
20. កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច អោនមុខដល់ដី។
21. លោកអរ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ទ្រង់យាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។